តើអ្នកក្រ ចាំបាច់ត្រូវតែដើរសុំទានមែនទេ ? តើពួកគេដើរសុំទានគឺដោយសារខ្លួនក្រ ឬមួយដោយសារខ្លួនខ្ជិលធ្វើការ?

ជាការពិត ការធ្វើទានគឺធ្វើដោយក្តីមេត្តា តែបើធ្វើទានដោយគ្មានបញ្ញា មានន័យថាអ្នកកំពុងចូលរួមសាងអំពើអាក្រក់ក្នុងសង្គម និងបំផ្លាញកិត្តិយសជាតិឲ្យអាប់ឱន ដោយមិនដឹងខ្លួន!

រឿងសោកសង្រេងគួរឲ្យអាណិតថ្មីមួយទៀត បន្តពីរឿងចាស់ដែលអាវុធហត្ថរាជធានីភ្នំពេញបានជួបប្រទះនោះគឺ ឪពុកម្តាយ គ្មានមនុស្សធម៌និងគ្មានព្រហ្មវិហាធម៌១គូ បានចឹញ្ចឹមកូន០៥នាក់ ទុកដូចជាទាសករនិងជាឧបករណ៍រកលុយ តាមរយៈការដើរសុំទាន ដើម្បីបំពេញតណ្ហា និងការសប្បាយភ្លើតភ្លើនរបស់ខ្លួន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបាន។

ជានិច្ចជាកាល គេសង្កេតឃើញមានអ្នកសុំទានទាំងចាស់ទាំងក្មេងជាច្រើននាក់ បានដើរសុំទានយ៉ាងអាណាធិបតេយ្យ តាមដងផ្លូវ ទីប្រជុំជន រមណីយដ្ឋាន និងតាមស្តុបផ្លូវកែងផ្សេងៗក្នុងរាជធានីភ្នំពេញ។ អ្នកសុំទានខ្លះមានដៃជើងនិងកម្លាំង ពេញលេញ តែក្លែងធ្វើជាពិកាអង្គុយលើរទេះ ឲ្យក្មេងដើររុញសុំលុយ ទាញក្តីអាណិតអាសូពីអ្នកឲ្យទាន ដែលសកម្មភាពនេះ បង្ករឲ្យមាន ភាពរញ៉េរញ៉ៃតាមដងផ្លូវ បាត់សណ្តាប់ធ្នាប់សង្គម បាត់បង់សេចក្តីថ្លៃថ្នូរប្រទេសជាតិ តែនេះជាសិទ្ធិរបស់ពួកគេ ពុំមានច្បាប់ឯណាហាមមិនឲ្យសុំទានឡើយ។ ក្នុងនោះអជ្ញាធរមានសមត្ថកិច្ចរួមជាមួយអង្គការជាតិនិងអន្តរជាតិជាច្រើន បានព្យាយាមពន្យល់ណែនាំ អប់រំពួកគេឲ្យបោះបង់របរទាំងនេះ ព្រមទាំងមានការជួយឧបត្ថម្ភជីវភាព និងទំនុកបម្រុងកូនចៅពួកគេឲ្យបានរៀនសូត្រ យ៉ាងណាក្តីក៏ពួកគេមិនព្រមបោះបង់របរសុំទាននេះដែរ ព្រោះសុំបានស្រួលហើយបានច្រើនទៀត។ រហូតមានអ្នកសុំទានខ្លះហ៊ាននិយាយថា ជីវិតគេមានតែមួយ ចង់ធ្វើអ្វីគេក៏ធ្វើទៅ ទោះត្រូវជាប់គុក ក៏ចេញមកវិញគេនៅតែសុំទៀតដដែល បើនណាខ្លាំងសម្លាប់គេចោលចុះ ទើបគេឈប់សុំ!

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនស្ត្រីវ័យ៥០ឆ្នាំម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារដោយខុសច្បាប់ ដោយស្ត្រីរូបនោះបាន រក្សាទុកកុមារដែលមិនមែនជាកូនបង្កើតរបស់ខ្លួន រហូតដល់ទៅ០៧នាក់(មាន០២នាក់ជាទារក) និងប្រើប្រាស់ពួកគេឲ្យដើរសុំទាន ដោយមិនឲ្យកុមារទាំងនោះចូលរៀន និងមិនឲ្យ អាហារទទួលទានបានគ្រប់គ្រាន់ផងដែរ។
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ, អង្គការបេសកកម្មយុត្តិធម៌IJM និងអង្គការក្តីសង្ឃឹមនិងយុត្តិធម៌ បានចុះស្រាវជ្រាវនិងបង្ក្រាបជាក់ស្តែង លើករណីកេងប្រវ័ញ្ចពលកម្មកុមារមួយករណីទៀត ដោយឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ និងសង្គ្រោះក្មេងសុំទាន០៥នាក់ ចេញពីដៃពួកគេ។ ក្មេងទាំងនោះមានឈ្មោះ៖
១/ លន់ ម៉ាលី ភេទ ស្រី អាយុ ១៧ឆ្នាំ
២/ លន់ ដារ៉ា ភេទ ប្រុស អាយុ ១៤ ឆ្នាំ
៣/ លន់ កុសល ភេទ ប្រុស អាយុ ១០ឆ្នាំ(ពិកាជើង និងរងរបួស រលួយគូថ)
៤/ លន់ កុលាប ភេទ ស្រី អាយុ ០៩ឆ្នាំ
៥/ លន់ ស្រីណែត ភេទស្រី អាយុ ០១ខួបកន្លះ

តាមការរៀបរាប់របស់កុមារ០៤នាក់ដែលដឹងក្តី បាននិយាយថា ពួកគេគឺសុទ្ធតែធ្លាប់បានរស់នៅជាមួយអង្គការ ទទួលបានការមើលថែរ គ្រប់គ្រង និងរៀនសូត្រ តែឪពុកម្តាយពួកគេ បានទៅលួងលោម នាំរត់ចេញពីអង្គការមកវិញដើម្បី ឲ្យដើរសុំទាន។

កូនស្រីច្បងឈ្មោៈ លន់ ម៉ាលី បានរៀបរាប់ថាខ្លួនត្រូវបានឪពុកម្ដាយអោយដើរសុំទាន តាំងពីអាយុទើបបាន5ឆ្នាំមកម្លេះ ក្រោយមកធ្លាប់នៅជាមួយអង្គការមិត្តសម្លាញ់ប្រហែល០២ឆ្នាំ និងនៅអង្គការភាពញញឹមនៃកុមារប្រហែលជាង១ឆ្នាំ តែត្រូវឪពុកម្តាយនាំរត់ចេញពីអង្គការ ហើយឥឡូវនេៈនាងមានអាយុ១៧ឆ្នាំហើយ តែឪពុកម្តាយនៅតែឲ្យនាងដើរសុំទាន ដើម្បីរកប្រាក់អោយពួកគាត់ដ៍ដែល។

រឿងខ្លោចផ្សាបំផុតនោះ គឺកូនប្រុសទី៣ឈ្មោះ លន់ កុសល បានរៀបរាប់ថា រូបគេធ្លាប់រស់នៅក្នុងអង្គការមិត្តសំឡាញ់ ហើយបានទទួលការរៀនសូត្រត្រឹមត្រូវល្អណាស់ តែសុខៗសោះ ឪពុកម្ដាយរបស់ខ្លួន បែជាទៅលួងលោមនាំរត់ចេញពីមណ្ឌល ឲ្យមកដើរសុំទានរកលុយឲ្យពួកគាត់ទៅវិញ ហើយមានថ្ងៃមួយ រូបគេដើរសុំទានហត់ពេក ក៏ដេកតាមចញ្ចើមថ្នល់ត្រូវបានឡាន អ្នកស្រវឹងស្រាបើកកិនពីលើខ្នងឈឺផ្សាយ៉ាងខ្លាំង តែឪពុកម្តាយមិនបានយកទៅមន្ទីរពេទ្យដើម្បីព្យាបាលទេ គឺទុកគេឲ្យឈឺរហូត ពិកាជើងទាំងពីរ រួចហើយពួកគាត់ក៏ទិញរទេះ មកឲ្យជិះសុំទានកាន់តែខ្លាំងជាងកាលមិនទាន់ពិកា ព្រោះងាយទទួលបានការ អាណិតអាសូរពីអ្នកឲ្យទាន ។ កុមារ លន់ កុសល បន្តថា គេត្រូវអង្គុយលើរទេះ ជិះសុំទានហាលថ្ងៃ ហាលភ្លៀង រៀងរាល់ថ្ងៃ រហូតធ្វើឲ្យ រលាកគូថទាំងសងខាង ដំបៅដូចមហារីកគួរអោយខ្លោចផ្សារបំផុត ហើយឪពុកម្តាយរបស់គេ ក៏មិនបានថែទាំ ដាក់ថ្នាំព្យាបាល ឬនាំទៅពេទ្យឡើយ។

កាមារី លន់ កុលាប ក៏បានប្រាប់ដែរថា រាល់ថ្ងៃរូបនាង ត្រូវបានឪពុកម្តាយដឹកតុតុ មកទម្លាក់តាមស្តុប ឲ្យដើររកលុយដោយសុំទានគេ ហើយពេលបានលុយគឺយកឲ្យពុកម៉ែទាំងអស់ លុះយប់ឡើងនាងដើរដេកតាមចឹញ្ចើមថ្នល់ ឬជួនកាលដេកលើតុតុ ជាមួយពុកម៉ែ។

តាមចម្លើយសារភាពរបស់បុរសឈ្មោះ ធុន ធី អាយុ៣៧ឆ្នាំ ស្រុកកំណើតខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ ម៉ុម នួន ដែលបានគ្នាតាំងពីអាយុ១៧ឆ្នាំ ហើយបានចាកចេញពីស្រុកកំណើត មកភ្នំពេញ ធ្វើការក្រុមហ៊ុនស៊ិនទ្រីបាន០២ខែ ក៏ឈប់ធ្វើការ ប្តូរមកដើររើសអេតចាយ និងសុំទានវិញ ពេលបានលុយក៏ត្រឡប់ទៅស្រុក អស់លុយក៏ត្រលប់មកសុំទានវិញ រហូតដល់ពេលពួកគេមានកូនធំល្មមអាចដើរសុំទានបាន ពួកគេក៏បង្រៀនឲ្យកូនដើរសុំទានម្តង ដោយមិនបានឲ្យទៅរៀនឡើយ។ ពួកគេពុំមានផ្ទះស្នាក់នៅពិតប្រាកដទេក្នុងភ្នំពេញនេះ គឺសុំដល់ត្រឹមណាសម្រាកត្រង់ហ្នឹង ក្រោយមកពួកគេបានទិញម៉ូតូ រម៉កកង់បី១ តែមិនបានរត់កង់បីនោះទេ គឺទុកសម្រាប់តែដឹកកូនៗ ទម្លាក់តាមស្តុបដើម្បីដើរសុំលុយឲ្យពួកគេ និងទុកសម្រាប់ដេកពេលយប់តែ ប៉ុណ្ណោះ។ ក្រៅពីមានប្រពន្ធហើយ បុរសឈ្មោះ ធុន ធី បានសារភាពថានៅមានស្រីលួចលាក់ ផ្សេងទៀតផងដែរ ដូច្នេះលុយដែលកូនៗសុំបាន ក្នុងមួយថ្ងៃជាង១០ម៉ឺនរៀល ខ្លួនបានយកមកស៊ីចាយប្រចាំថ្ងៃផង ផឹកស្រាផង លេងបៀផង និងលួចឲ្យស្រីរបស់ខ្លួនផង។

បច្ចុប្បន្នក្មេងៗទាំង០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ឲ្យមន្ទីរសង្គមកិច្ច យកទៅរក្សាទុកក្នុងមណ្ឌល ដើម្បី គ្រប់គ្រងមើលថែ និងរៀនសូត្រ ឯបុរស់ឈ្មោះ ធុន ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារ ព្រៃស រីឯប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅស្រុកកំណើតកសាងខ្លួន កសាងជីវិតថ្មី ធ្វើកិច្ចសន្យាឈប់ដើរសុំទាន និងឈប់ទៅលួងលោម នាំកូនរត់ចេញពីមណ្ឌលបន្តទៀត។

តើចំពោះករណីគ្មានមនុស្សធម៌ និងគ្មានព្រហ្មវិហារធម៌ ចំពោះកុមារខាងលើ អ្នកណាខ្លះដែលបានចូលរួមចំណែករុញច្រានពួកគេ? បើគ្មានអ្នកឲ្យទានខុសគោលដៅទាំងនោះទេ ពួកគេពិតជាមិនជ្រើសរើសរបរសុំទានដ៏សែនស្រួលនេះដែរ!

តើគួរធ្វើទាននៅទីណា ទើបហៅថាធ្វើទានដោយបញ្ញា?

មិនខ្វះទេដូចជា មន្ទីរពេទ្យគន្ធបុប្ផាដែលជួយព្យាបាលកុមារមិនរើសមុខ មណ្ឌលកុមារកំព្រាដែលជួយបីបាច់រក្សានិងផ្តល់ ចំណេះដឹងដល់កុមារ ព្រះសង្ឃដូនជីនៅក្នុងវត្ត ចាស់ព្រឹទ្ធាចារ្យជរាទុរគត៌ពុំមានទីពឹងដែលប្រឹងតស៊ូ រស់នៅដោយកម្លាំង ញើសឈាមពួកគាត់ និងសិស្សក្រីក្រដែលចេះតស៊ូរៀនដើម្បីអនាគត ទាំងអស់នេះគឺសុទ្ធតែត្រូវការ អ្នកសប្បុរសជួយគ្នាជាចាំបាច់៕

អត្ថបទដកពីចេញទំព័រហ្វេសប៊ុក៖  កងរាជអាវុធហត្ថរាជធានីភ្នំពេញ

Advertisements
បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ

បើ​អ្នក​ស៊ី​ និង​អ្នក​សូក​មាន​ទោស​ដូចគ្នា អ៊ីចឹង​មាន​​តែ​នាង​​ខុម​ ចាន់តារាទី ​ហៅ​​ស្រីមុំ ​ត្រូវ​ជាប់​ឃុំ​ដែរ

Adhoc-corruption

ការ​ចោទប្រកាន់​ណា​មួយ​ថា​ខុស​នឹង​ច្បាប់​នេះ​ខុស​នឹង​មាត្រា​នោះ​ចោទ​ពី​បទ​នេះ​បទ​នោះ​នៅ​ស្រុក​ខ្មែរ​មើល​ទៅ​ប្រព័ន្ធ​តុលាការ​សឹង​តែ​មិន​ចាំបាច់​ទៅ​រៀន​សាលា​ច្បាប់​សាលា​ចៅក្រម និង​ព្រះរាជអាជ្ញា សាលា​មេធាវី និង​បណ្តុះបណ្តាល​មន្ត្រី​ប៉ូលិស​យុត្តិធម៌ ក៏​ធ្វើ​កិច្ចការ​នេះ​បាន​ដែរ​។

ជាទូទៅ​ឆន្ទានុសិទ្ធិ​របស់​ពួកគាត់​ហាក់បី​ដូចជា​ជាប់គាំង​ដោយសារ​ការ​ទទួល​រង​នូវ​សម្ពាធ​សឹង​តែ​គ្រប់​ទិស​ពី​នយោបាយ​ផង​ពី​អ្នក​មាន​អំណាច​ផង​ពី​បក្ខពួក​ផង ពី​លុយ​កាក់​គេ​សូកប៉ាន់​ផង​។

ទាល់​តែ​មាន​រឿង​ដូច​ករណី​អតីត​ទណ្ឌិត អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​គេ​រកឃើញ​ថា​ពុករលួយ​ទើប​បាន​ដឹងថា​តុលាការ​ពុករលួយ​។

រីឯ​រឿង​ខ្លះ​ទាក់ទង​ទៅ​នឹង​ក្រម​ព្រហ្មទណ្ឌ មិន​ចាំបាច់​ដោះស្រាយ​ដល់​តុលាការ​ទាន់​ទេ​គឺ​ដោះស្រាយ​ត្រឹម​ប៉ូលិស​យុត្តិធម៌​ ឬ​ក៏​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​ដូច​កាលពី​ថ្មី​នេះ​ករណី​មន្ត្រី​ប៉ូលិស​ដែល​ជា​កូន​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​លើក​កាំភ្លើង​បាញ់​សម្លុត​គំរាម​កំហែង​ភាគី​ម្ខាង​ទៀត​រឿង​ចរាចរណ៍​សោះ​តែ​ទាញ​មក​ត្រឹម​តែ​ឲ្យ​គាត់​ទទួល​ទោស​ត្រឹម​ពិន័យ​រដ្ឋបាល​។

ផ្ទុយ​ទៅ​វិញ​អតីត​សង្ឃ​គ្រាន់​តែ​លាក់ទុក​កាំភ្លើង​ជ័រ​សោះ បែរ​ជា​ត្រូវ​ជាប់​ឃុំ និង​យក​ទៅ​កាត់ទោស​ទៅ​វិញ​។

ករណី​ស្រដៀង​គ្នា​ដែល​គេ​មើល​ឃើញ​នៅ​លើ​គោក​នោះ​គឺ​ករណី​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​អាដហុក​ ៤ ​នាក់ និង​អគ្គលេខាធិការរង​ គ.ជ.ប ម្នាក់​អស់​រយៈ​ ១៤ ​ខែ​កន្លង​មក​ហើយ​ដោយ​រង​ការ​ចោទប្រកាន់​ពី​រឿង​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​ស្នេហា​រវាង លោក កឹម សុខា មេបក្ស​សង្គ្រោះ​ជាតិ និង​នាង​ ស្រីមុំ (​ខុម ចាន់តារាទី​) ​ហើយ​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​គឺ​មាន​សាក្សី​តែ​មួយ​រូប​ប៉ុណ្ណោះ​ត្រូវ​បាន​ហៅ​មក​សាកសួរ​រហូត​ដល់​ការ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​កាលពី​សប្តាហ៍​មុន​ដែល​ភាសា​សាមញ្ញ​របស់​មហាជន​ថា​ជា​ការ​អូសបន្លាយ​ពេល​កាត់ក្ដី​ ឬ​ផ្អឹប​ទុក​ករណី​ហ្នឹង​ចោល​​ឲ្យ​បាន​យូរ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ជា​ប្រភព​នៃ​សំណុំ​រឿង​ទាំង​ ២ ​នាក់​បែរ​ជា​រួច​ខ្លួន​ហើយ​មាន​សេរីភាព​ដើរ​ហើរ និង​ធ្វើ​នយោបាយ​ទៀត​ផង​។

រីឯ​អ្នក​ជាប់​ដោយសារ​ករណី​ហ្នឹង​នៅ​តែ​បន្ត​ជាប់​ឃុំ​ដដែល​ដោយ​គ្រាន់​​តែ​ផ្តល់​សេវា​លុយ​ ២០៤ ​ដុល្លារ​ទៅ​ ស្រីមុំ ​តាម​គោលការណ៍​​ទូទៅ​របស់​អង្គការ​អាដហុក ក្នុង​ករណី​បទ​ចោទ​ខាង​លើ​។

ក្នុង​ករណី​នេះ​ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​តុលាការ​ចោទ​តែ​ភាគី​ខាង​ផ្តល់​សំណូក​ហើយ​ឃុំ​ខ្លួន​តែ​បុគ្គល​ពាក់ព័ន្ធ​ត្រឹម​ ៥ ​នាក់​នោះ​ចុះ​ហេតុអ្វី​បាន​ជា​មិន​ឃុំ​ខ្លួន​កញ្ញា​ ស្រីមុំ ដែល​ទទួល​សំណូក​លុយ​ ២០៤ ​ដុល្លារ​ដែរ​?

អ្នក​ទទួល​សំណូក​នេះ​ក៏​មាន​ចែង​ក្នុង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ​ត្រង់​មាត្រា​ ៤ ​និយមន័យ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​​គឺ​ «​ចំណុច​ ១៥- ផល​នៃ​អំពើ​ពុករលួយ​: មាន​ន័យ​ថា​ទ្រព្យ​ណា​ក៏ដោយ​ដែល​មាន​មកពី​ ឬ​ទទួល​បាន​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​»​។

ហេតុ​អ្វី​បាន​ជា​អនុវត្ត​តែ​ម្ខាង​ឃុំ​ខ្លួន​មន្ត្រី​ ៥ ​នាក់​ហ្នឹង​ជិត​ដល់​ ១៨ ​ខែ​នៃ​អាជ្ញាយុកាល​ឃុំ​ខ្លួន អ៊ីចឹង​​ឯណា​ទៅ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ រវាង​អ្នក​ស៊ី និង​អ្នក​សូក​នោះ​? ​ករណី​នេះ​ដូចជា​មើល​ទៅ​ឃើញ​ភាព​អយុត្តិធម៌​នៅ​លើ​គោក​ពេក​ហើយ​។

ម្យ៉ាង​វិញ​ទៀត​បើ​ដោះលែង​ ស្រីមុំ ​អ្នក​ទទួល​សំណូក អ្នក​ផ្តល់​សំណូក​មន្ត្រី​ទាំង​ ៥ ​រូប​ហ្នឹង​ក៏​ត្រូវ​តែ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ​។ ចំណុច​ឃុំ​ខ្លួន​មន្ត្រី​រយៈពេល​យូរ​ហើយ​តុលាការ​មិន​ចាត់​វិធានការ​ផ្តល់​ភាព​យុត្តិធម៌​បែប​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​​របស់​អង្គការ​សហប្រជាជាតិ​ដែល​កម្ពុជា​ត្រូវ​តែ​អនុលោម​ទៅ​តាម​ច្បាប់​អន្តរជាតិ​គឺ​តម្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​អំពី​ដំណើរការ​ឃុំ​ខ្លួន ជា​បន្ទាន់​នោះ​។ ​

ជាង​នេះ​ទៅ​ទៀត​បក្ស​កាន់​អំណាច​ក៏​មិន​បាន​ចំណេញ​ប្រជាប្រិយភាព​ក្នុង​ការ​រក​សំឡេង​បោះឆ្នោត​ពី​ការ​ឃុំ​ខ្លួន​នេះ​ដែរ​គឺ​មាន​តែ​ករណី​នេះ​ទាញ​ធ្លាក់​សន្លឹក​ឆ្នោត​ទៅ​វិញ​ទេ​។ ជាក់ស្តែង​ការ​បោះឆ្នោត​ឃុំ សង្កាត់​លើក​នេះ​បក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ ១ ​ភាគ​ ៣ នៃ​អាសនៈ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១២​។ ម្យ៉ាង​ទៀត​សកម្មជន​របស់​គណបក្ស​ប្រជាជន​ក៏​បាន​រិះគន់​រដ្ឋាភិបាល​ខ្លួន​ឯង​ហ្នឹង​ថា ការ​ធ្លាក់​ចុះ​សន្លឹក​ឆ្លោត​នេះ​ក៏​មាន​ហេតុផល​មកពី​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​ ៥ ​រូប​នេះ​ដែរ​។

ជា​ការពិត​គោលបំណង​ធំ​នៃ​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​ ៥ ​រូប​នេះ ​គឺ​រដ្ឋាភិបាល​ទំនង​ជា​ប្រើ​វិធីសាស្ត្រ​អារក​មាន់​ ១ ​គំរាម​ស្វា​ ១០០ ​ដើម្បី​បំបិទ​មាត់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំពោះ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

ការ​អនុវត្ត​ករណី​នេះ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបិទ​មាត់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មែន​គឺ​ពួកគាត់​ហាក់បី​ដូចជា​មាន​ភាព​ស្ងប់ស្ងាត់​ដោយ​មិន​បាន​ចេញ​មក​​រិះគន់​រដ្ឋាភិបាល​រប៉េះរប៉ោះ​ដូច​មុន​ទេ​។ តែ​ជា​ផលវិបាក​របស់​វិធីសាស្ត្រ​នេះ​គឺ​ខាតបង់​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ខ្លួនឯង​ដែល​តែងតែ​លើក​ឡើង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​របស់​ខ្លួន​ការ​កសាង​សន្តិភាព​តែ​បែរ​ជា​ធ្វើ​បាប​ផ្លូវកាយ និង​ផ្លូវចិត្ត​ពលរដ្ឋ​ណា​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ខ្លួន​ទៅ​វិញ​។

រីឯ​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​ក៏​មិន​បាន​លូកដៃ​ចូលរួម​អន្តរាគមន៍​ស៊ីជម្រៅ​ដែរ​ព្រោះ​ខ្លាច​រដ្ឋាភិបាល​ចោទ​ថា​រំលោភ​នឹង​អធិបតេយ្យ​របស់​កម្ពុជា​។

តាមពិត​ទៅ​មន្ត្រី​ទាំង​នោះ​គឺ​គាត់​ធ្វើការ​ទៅ​តាម​គោលការណ៍​របស់​ស្ថាប័ន​ទេ តែ​បើ​មាន​បញ្ហា​ចោទប្រកាន់​កើត​ឡើង​​គឺ​អង្គការ​ជា​អ្នក​ដោះស្រាយ​មាន​ន័យ​ថា​ពួកគាត់​មិនមែន​អនុវត្ត​ទៅ​តាម​នីតិបុគ្គល​ធ្វើ​អ្វី​ក្រៅ​ក្របខ័ណ្ឌ​របស់​ពួកគាត់​នោះ​ទេ​។ តែ​មាន​ទៅ​អនុវត្ត​​អ៊ីចឹង​ឯណា​គឺ​គំនុំ​ចាប់​ឃុំ​បុគ្គល​យក​តែ​ម្តង​។

ហេតុ​ដូច្នេះ​ហើយ​បក្ស​កាន់​អំណាច​គួរ​តែ​ពិចារណា​រក​ដំណោះស្រាយ​ឡើង​វិញ​ឲ្យ​បាន​មុន​កាល​កំណត់​ពី​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​ ៥ ​នាក់ បើ​មិន​ដូច្នេះ​ទេ មាន​តែ​ចាប់​កញ្ញា​ ស្រីមុំ ​ដែល​ទទួល​សំណូក​មក​ឃុំ​ខ្លួន​ឲ្យ​បាន​ ១៤ ​ខែ​ដូចគ្នា​ដែរ​គឺ​ខុស​ច្បាប់​ដូច​គ្នា​។

បើ​ធ្វើ​មិន​បាន​គួរ​ដោះលែង​ពួក​គាត់​ពី​ការ​ឃុំ​ខ្លួន​ហ្នឹង​ទៅ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ បើ​បក្ស​កាន់​អំណាច​គិត​ថា​មិន​ចំណេញ​ប្រជាប្រិយភាព​ទេ​នោះ​ហើយ​អ្នក​ដែល​ចំណេញ​ពី​ករណី​នេះ​គឺ​បក្ស​ប្រឆាំង​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ​ចំពោះ​ភាព​អយុត្តិធម៌​នេះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ

គូស្នេហ៍ដែលមានសុភមង្គល មិនចូលចិត្តបង្ហោះរឿងរបស់ពួកគេលើអ៊ីនធឺណែត

internet loverនាពេលបច្ចុប្បន្ន រឺជាសម័យដែលគេហៅថាសម័យអ៊ីនធឺណែត ការបង្ហោះរឿងផ្ទាល់ខ្លួននៅលើបណ្តញាសង្គមមិនមែនជារឿងចម្លែកទៀតទេ មានមនុស្សជាច្រើនដែលចូលចិត្តបង្ហាញពីសុភមង្គលរបស់ពួកគេនៅលើ អ៊ីនធឺណែត ដើម្បីអោយអ្នកដទៃបានឃើញពីសេចក្តីសុខរបស់ពួកគេ។

អ្នកដទៃទៀតដែលគ្មានគូរនឹងគេ ពេលខ្លះក៏មានការច្រណែន និងសសើរ មិនដាច់ពីមាត់បន្ទាប់ពីឃើញពីសេចក្តីស្នេហារបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនដែលមានសេចក្តីសុខពិតប្រាកដ តែពួកគេមិនបានបង្ហោះរូបភាព រឺសសេរអត្ថបទវែងៗពីស្នេហារបស់ខ្លួននៅលើអ៊ីនធឺណែតនោះទេ។ ហេតុអ្វីបានជាអញ្ចឹង?

១. អ្នកបង្ហោះរឿងរបស់ខ្លួនគ្រាន់តែចង់អោយគេសរសើរ ព្រោះអ្នករីករាយនឹងពាក្យសរសើរទាំងនោះ
នៅក្នុងទំនាក់ទំនងរវាងគ្នានឹងគ្នា មិនមែនគ្រប់ពេលសុទ្ធតែមានសេចក្តីសុខនោះទេ។ ពេលដែលមនុស្សបង្ហោះ រឿងស្នេហារបស់ខ្លួននៅលើអ៊ីនធឺណែតដែលបង្ហាញអ្នកដទៃអោយដឹងថាគេមានភាពរីករាយប៉ុណ្ណា ការពិតគឺវាមិន មែនជាសេចក្តីសុខពិតនោះទេ។ ភាពរីករាយរបស់គេអាចនឹងកើតឡើងដោយសារការសសើររបស់អ្នកដទៃ។

២. នៅក្នុងពេលដែលមានសុភមង្គលពិតប្រាកដ ពួកគេមិនបាននឹកឃើញរឿងថតរូបនោះទេ
ពេលដែលមនុស្សពីរនាក់ស្ថិតនៅក្នុងដំណាក់កាលរ៉ូមែនទិក ពួកគេតែងតែប្រើពេលនោះនៅជាមួយគ្នា យល់ចិត្តគ្នា ហើយការថតរូបទុកបង្ហោះក្នុងអ៊ីនធឺណែតប្រហែលមិនមែនជារឿងដែលពួកគេត្រូវតែធ្វើនោះទេ។

៣. គូរស្នេហ៍ដែលមិនបង្ហោះរឿងផ្ទាល់ខ្លួនរបស់ខ្លួន គឺជាគូរស្នេហ៍ដែលមានការគិតវែងឆ្ងាយ
ដោយសារតែមនុស្សពីរនាក់នៅជាមួយគ្នា ចង់អោយត្រូវរ៉ូវគ្នា និងសប្បាយចិត្តរាល់ថ្ងៃមិនមែនជារឿងងាយ ស្រួលទេ។ គូរស្នេហ៍ដែលមានគំនិតចាស់ទុំមិនបង្ហោះរឿងដែលខ្លួនឈ្លោះគ្នានៅលើអ៊ីនធឺណែតទេ ព្រោះការធ្វើបែបនេះអាចធ្វើអោយអ្នកដទៃមើលងាយមកនៅលើស្នេហារបស់ពួកគេ។

៤. ការបង្ហាញពីរឿងរបស់ខ្លួនក្នុងអ៊ីនធឺណែត បង្ហាញថាអ្នកចង់បានការចាប់អារម្មណ៍ពីអ្នកដទៃ
នៅក្នុងរឿងស្នេហារវាងមនុស្សពីរនាក់ ប្រសិនជាពួកគេពិតជាស្រលាញ់គ្នាមែន គេមិនចាំបាច់ បង្ហោះពីរឿងរបស់ពួកគេដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកផ្សេងទៀតឡើយ។ អ្នកដែលពួកគេចង់អោយចាប់អារម្មណ៍នោះគួរតែជាដៃគូរស្នេហារបស់គេ។

៥. អ្នកដែលមានសេចក្តីសុខពិតប្រាកដមិនចាំបាច់អោយអ្នកដទៃដឹងទេ
តួអង្គដែលសំខាន់បំផុតនៅក្នុងការស្រលាញ់គ្នាគឺមានតែពីរនាក់ទេ។ មនុស្សម្នាក់មិនត្រូវការបង្ហាញ មនុស្សមួយពិភពលោកឃើញពីសេចក្តីសុខរបស់គេ ទើបវាអាចហៅថាសេចក្តីសុខនោះទេ។

៦. អ្នកវិទ្យាសាស្ត្របានបង្ហាញថាមនុស្សដែលចំនាយពេលរបស់ពួកគេនៅលើអ៊ីនធឺណែតតិច រមែងមានសេចក្តីសុខជាងមនុស្សដែលចំនាយពេលច្រើននៅលើអ៊ីនធឺណែត
នៅពេលដែលមនុស្សម្នាក់ចូលចិត្តប្រើប្រាស់បង្ហាញសង្គម វាបានធ្វើអោយមនុស្សម្នាក់នៅមិនសូវ មានភាពរីករាយដោយសារតែពួកគេចូលចិត្តប្រៀបធៀបខ្លួនពួកគេទៅនឹងសេចក្តីសុខអ្នកដទៃ។

សេចក្តីដែលមនុស្សម្នាក់ៗមាន គួរតែសេចក្តីសុខដែលកើតឡើងរវាងមនុស្សដែលនៅក្បែរខ្លួនពួកគេ មិនមែនជាសេចក្តីសុខដែលទាល់តែមានអ្នកដទៃសរសើរថាអ្នកមានសេចក្តីសុខនោះទេ៕

ប្រភពៈanarchak.com

បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ

សម្រង់សម្តី Chalie Chapline

គំនិតសំខាន់ៗរបស់ Chalie Chapline ហៅសាក់ឡូតារាកំប្លែងល្បីល្បាញពេញពិភពលោក ដែលអ្នកគួរដឹង!

SAK-LO

១) «អត្តចរិតពិតរបស់មនុស្ស គឺនឹងស្ដែងចេញមក នៅពេលស្រវឹង»។

២) «ថ្ងៃណាដែលគ្មានការសើច គឺជាថ្ងៃដែលកន្លងទៅអត់ប្រយោជន៍»។ 

៣) «ការស្រមើស្រមៃ គឺគ្មានបានការអ្វីទាំងអស់ ប្រសិនបើមិនធ្វើវា»។

៤) «កញ្ចក់គឺជាមិត្តល្អបំផុតរបស់ខ្ញុំ ព្រោះថានៅពេលខ្ញុំយំ វាមិនដែលសើចនោះទេ»។

៥) «អ្នកគ្មានថ្ងៃអាចឃើញឥន្ទធនូបានទេ ប្រសិនបើអ្នកមើលទៅក្រោម»។

៦) «អ្នកត្រូវការអំណាច នៅពេលអ្នកចង់ធ្វើអ្វីមួយដែលប៉ះពាល់ដល់អ្នកដទៃប៉ុណ្ណោះ តែបើមិនដូច្នោះទេ សេចក្ដីស្រលាញ់គឺវាគ្រប់គ្រាន់ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង»។

៧) «មេដឹកនាំផ្ដាច់ការ ផ្ដល់សេរីភាពដល់ខ្លួនឯង តែពួកគេបំបិទសេរីភាពរបស់មនុស្ស»។

៨) «ខ្ញុំតែងតែចូលចិត្តដើរកាត់ភ្លៀង ព្រោះធ្វើដូច្នេះ គ្មាននរណាម្នាក់ឃើញខ្ញុំយំនោះទេ»៕

បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ

ហេតុអ្វី​គេ​មិន​មើល​ព័ត៌មាន​ទូរទស្សន៍ បែរ​ជា​មើល​ព័ត៌មាន​ហ្វេសប៊ុក?

កាល​ពី​ទសវត្សរ៍​មុន និយាយ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គេ​រាប់​បញ្ចូល​កាសែត​-ទស្សនា​វដ្ដី វិទ្យុ និង​ទូរទស្សន៍។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​ណាៗ​ក៏​និយាយ​អំពី​អ៊ិនថឹណិត (បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក)​ដែរ។

ដំបូង​ឡើយ បើ​និយាយ​ពី​ព័ត៌មាន ឬ​ដំណឹង កាសែត​និង​ទស្សនា​វដ្ដី​ដើរ​តួ​សំខាន់​ជាង​គេ បន្ទាប់​មក លេច​ចេញ​នូវ​វិទ្យុ ដែល​បាន​ដណ្ដើម​តំណែង​កាសែត-​ទស្សនាវដ្ដី​ក្នុង​ការ​ផ្ដល់​ដំណឹង​លឿន​ដល់​មហាជន។ ក្រោយ​មក​ទៀត ក្នុង​អំឡុង​១០​ឆ្នាំ​មុន​នេះ ទូរទស្សន៍​បាន​ក្លាយ​ជា​ប្រភព​ដ៏​សំខាន់​និង​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​ទាំង​ដំណឹង និង​ការ​កម្សាន្ត​ដល់​មហាជន។ ទូរទស្សន៍​បាន​ដណ្ដើម​យក​ទីផ្សារ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ចំណែក​ធំ​លើស​លប់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាសែត​-ទស្សនា​វដ្ដី​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។

ឆ្នាំ​២០១៦ ការ​ស្រាវជ្រាវ​របស់​អង្គការ​អាមេរិកាំង​មួយ ឈ្មោះ មូល​និធិ​អាស៊ី (The Asia Foundation) បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល៖ អ៊ិនថឹណិត (បណ្ដាញ​ព័ត៌មាន​សង្គម Facebook) បាន​ដណ្ដើម​តំណែង​ទូរទស្សន៍​ក្នុង​ឋានៈ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​នៃ​ការ​ទទួល​ព័ត៌មាន។ យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ​ ៣០​​ភាគរយ ឆ្លើយ​ថា គេ​ប្រើ​អ៊ិនថឹណិត​/ហ្វេសប៊ុក​ដើម្បី​តាម​ដាន​ព័ត៌មាន ២៩​ភាគរយ មើល​ទូរទស្សន៍ និង ១៥​ភាគ​រយ ស្ដាប់​វិទ្យុ។

news-source-trends-web.2e16d0ba.fill-960x540

Enter aនិន្នាការ​ប្រភព​ព័ត៌មាន​ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ

ហេតុ​អ្វី​បាន​ជា​គេ​មើល​ព័ត៌មាន​ហ្វេសប៊ុក​ច្រើន​ជាង​ទូរទស្សន៍ ខណៈ​ដែល​គេ​ថា ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​គ្មាន​វិជ្ជា​ជីវៈ ?

ទូរទស្សន៍​នៅ​កម្ពុជា​មិន​អាច​ផ្ដល់​ព័ត៌មាន​អ្វី លើស​ពី​ព័ត៌មាន​ពិធីការ និង​កម្មវិធី​កម្សាន្ត​សុទ្ធ​នោះ​ឡើយ។ ទូរទស្សន៍​នៅ​កម្ពុជា​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយសារ​តែ​មិន​អាច​ផ្ដល់​ព័ត៌មាន​ដែល​មាន​គុណភាព

— កញ្ញា កែវ គូនីឡា អ្នក​ឯកទេស​គោល​នយោបាយ​សាធារណៈ


លោក Javier Sola ប្រធាន​អង្គការ វិទ្យាស្ថាន​បើកទូលាយ ថ្លែង​ថា «អ្នក​មើល​ទូរទស្សន៍​អាច​មើល​ឃើញ​តែ​អ្វី​ដែល​ខាង​ទូរទស្សន៍​ចាក់​ផ្សាយ​ឲ្យ​មើល​តែ​ប៉ុណ្ណោះ ប៉ុន្តែ នៅ​លើ​អ៊ិថឹណិត​វិញ មនុស្ស​កាន់​តែ​ច្រើន​ឡើង​អាច​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង»។


ហ្វេសប៊ុក​បាន​បើក​ជើង​មេឃ​ឲ្យ​ប្រជាជន​ទទួល​បាន​ព័ត៌មាន​គ្រប់​ប្រភេទ មិន​មាន​ការ​រឹត​ត្បិត​ដូច​ការ​ផ្សាយ​របស់​ទូរទស្សន៍។ អ្វី​ដែល​សំខាន់ ព័ត៌មាន​ដែល​ផ្សាយ​នៅ​តាម​ទូរទស្សន៍ ធ្វើ​ឲ្យ​ប្រជាជន​អស់​ទំនុក​ចិត្ត។ ប្រជាជន​បាន​ចាត់​ទុក Facebook ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម និង​បង្ហាញ​ភាព​អយុត្តិធម៌​សង្គម

— នាន់ សិរីបុត្ត នៃ​កាហ្វេនយោបាយ (Politikoffee)


ប៉ុន្តែ ទោះ​ជា​ហ្វេសប៊ុក​ហាក់​កំពុង​ដណ្ដើម​តំណែង​ទូរទស្សន៍​ជា​ប្រភព​ព័ត៌មាន​សំខាន់​បំផុត​ក្ដី ក៏​ហ្វេសប៊ុក​មិន​ទាន់​អាច​ជំនួស​ទូរទស្សន៍​បាន​ឡើយ។ នេះ​បើ​តាម​លោក ទូច យិនមុនីស្ថាបនិក​ផលិតកម្ម Studio 4 និង​ជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន។ លោក យិនមុនី ថា មូលហេតុ​ដែល​ហ្វេសប៊ុក​មិន​ទាន់​អាច​ជំនួស​ទូរទស្សន៍​បាន ព្រោះ​ថា ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​មិន​ទាន់​មាន​ភាព​វិជ្ជាជីវៈ​នៅ​ឡើយ ភាគ​ច្រើន​ជា​មតិ។ ម្យ៉ាង​ទៀត ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​របស់​ពលរដ្ឋ​ភាគ​ច្រើន​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​វា​ត្រូវការ​ពេល​វេលា​ច្រើន​ទៀត​ទម្រាំ​ពួកគាត់​យល់​ដឹង​ច្រើន​ពី​អ៊ិនថឹណិត ឬ​ហ្វេសប៊ុក​នេះ។

ទន្ទឹមនឹងការកើនប្រជាប្រិយ ហ្វេសប៊ុកក៏មានផលអវិជ្ជមានដែរ

នៅ​លើ​អ៊ិនថឹណិត ក៏​មាន​ភាព​អវិជ្ជមាន​ខ្លះ​ដែរ ដូចជា ព័ត៌មាន​ក្លែង​ក្លាយ ឬ​ពាក្យ​ចចាម​អារ៉ាម ជាដើម។ ដូច្នេះ អ្នក​ប្រើ​ត្រូវ​តែ​យល់​ដឹង​ពី​របៀប​ផ្ទៀង​ផ្ទាត់ និង​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ព័ត៌មាន​ក្លែង​ក្លាយ និង​ព័ត៌មាន​ពិត​ដែល​អាច​ទុក​ចិត្ត​បាន

— ប៊ុន ថារម្យ អ្នក​ជំនាញ​ផ្នែក​សារ​គមនាគមន៍

តួលេខ​ចុងក្រោយ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បង្ហាញ​ថា នៅ​កម្ពុជា អ្នក​ប្រើ​អ៊ិនថឹណិត​មាន​ចំនួន ៧​លាន ១​សែន​នាក់ ហើយ​ដោយ​ឡែក អ្នក​ប្រើ​ហ្វេសប៊ុក​មាន​ចំនួន​ប្រមាណ ៤​លាន​នាក់។ ភាគ​ច្រើន​លើស​លប់​នៃ​អ្នក​ប្រើ គឺ​ប្រើ​អ៊ិនថឹណិត​ជាមួយ​ទូរស័ព្ទ​ដៃ។ កំណើន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភ្ជាប់​អ៊ិនថឹណិត ​ត្រូវ​គេ​មើល​ឃើញ​ថា ជំរុញ​ដោយ​តម្លៃ​ស្មាតហ្វូន​ដែល​អាច​ប្រើ​អ៊ិនថឹណិត​បាន​កាន់​តែ​ចុះ​ទាប បូករួម​នឹង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ដែល​អនុញ្ញាត​ឲ្យ​គេ​ប្រើ​អក្សរ​ខ្មែរ​នៅ​លើ​អ៊ិនថឹណិត​និង​ហ្វេសប៊ុក​បាន​ផង។

ហ្វេសប៊ុក​ក្លាយ​ជា​ប្រធាន​បទ​នយោបាយ​ដ៏​ចម្រូង​ចម្រាស​នៅ​កម្ពុជា

នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ គេ​ឃើញ​អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល ជាពិសេស មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សកម្ម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន រិះគន់​រដ្ឋាភិបាល និង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​ខ្លួន ​ដើម្បី​អូស​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ដែល​ជា​មនុស្ស​ជំនាន់​អ៊ិនថឹណិត។ ហើយ​ជា​លទ្ធផល ការ​កើន​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើល​ឃើញ​ថា មួយ​ផ្នែក​គឺ​ជំរុញ​ដោយសារ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

គិត​មក​ទល់​ពេល​នេះ ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ទទួល​បាន​ការ​ចូល​ចិត្ត (Likes) ជាង ៣​លាន ៦​សែន​នាក់។

ដោយឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​វិញ រួមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ហាក់​ទទួល​ស្គាល់​ពី​ឥទ្ធិពល​និង​សារ​សំខាន់​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ផ្លូវការ​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​ផ្សព្វផ្សាយ​គ្រប់​សកម្មភាព​ផ្លូវការ​និង​មិន​ផ្លូវការ​របស់​លោក និង​របស់​រាជ​រដ្ឋាភិបាល។ ដូចគ្នា​នេះ​ដែរ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ព្រមទាំង​ក្រសួង​មន្ទីរ​នានា ចាប់​ផ្ដើម​បង្កើត​និង​ប្រើ​ហ្វេសប៊ុក​យ៉ាង​ផុល​ផុស។

ទំព័រ​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​អ្នក​ចូលចិត្ត​និង​តាមដាន​មើល ជាង ៦​លាន ៧​សែន​នាក់ គិត​មក​ទល់​នឹង​ពេល​នេះ គឺ​លើស​ទំព័រ​ហ្វេសប៊ុក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​ពាក់​កណ្ដាល។

បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក ក៏​បង្កើត​នូវ​ភាព​ចម្រូង​ចម្រាស​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បន្ទាប់​ពី​បាន​ចោទ​ជា​សាធារណៈ​ថា លោក​នាយក​រដ្ឋមន្ត្រី​ទិញ Likes សម្រាប់​ទំព័រ​ហ្វេសប៊ុក ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ហើយ​បច្ចុប្បន្ន សំណុំ​រឿង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។

ត្រលប់​ទៅ​រឿង​អ៊ិនថឹណិត​/ហ្វេសប៊ុក និង​ទូរទស្សន៍​វិញ គេ​មិន​ទាន់​អាច​ទស្សន៍​ទាយ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​នៅ​ពេល​អនាគត ប៉ុន្តែ សង្កេត​ឃើញ​សព្វ​ថ្ងៃ អ្នក​ផលិត​ព័ត៌មាន​ទូរទស្សន៍​ខ្លះ យក​អ្វីៗ​ដែល​គេ​ចែក​រំលែក​រាល​ដាល​លើ​ហ្វេសប៊ុក​ស្រាប់​ហើយ មក​ធ្វើ​ជា​ព័ត៌មាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ ជា​ជាង​ខំ​ផលិត​អ្វីៗ​ឲ្យ​ល្អ​ដើម្បី​ឲ្យ​អ្នក​ប្រើ​ហ្វេសប៊ុក​ចែក​រំលែក។

ម្យ៉ាងទៀត តាំង​ពី​ហ្វេសប៊ុក​ចេញ​កម្មវិធី​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក ទូរទស្សន៍​ធំៗ​ជា​ច្រើន​ក៏​ផ្សាយ​កម្មវិធី ឬ​ព័ត៌មាន​ខ្លួន​ឯង​ផ្ទាល់​តាម​ហ្វេសប៊ុក​ដែរ ដូច្នេះ​ចំពោះ​អ្នក​ប្រើ​ហ្វេសប៊ុក​ស្រាប់ គឺ​រឹត​តែ​មិន​បាច់​មើល​ទូរទស្សន៍៕

ប្រភពៈ https://cambonomist.com/news/facebook-takes-over-tv-as-most-important-news-source/

បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ

មានទ្រឹស្តី តែគ្មានគំរូ ស្នើនឹងគ្មានន័យ

នៅសម័យថ្ងៃមួយ ដោយមានកំហឹងនឹងព្រះឥន្ទ ដែលមានចិត្តលំអៀងបក្សពួកនិយមនិងមហាពុករលួយ… ហ្វូងគីង្គក់ដែលរស់នៅភូមិរំដួល បានបបួលស្ម័គបក្សពួកទៅពឹងក្រុមកង្កែបដែលរស់នៅភូមិស្រកី ដើម្បីវាយ ដណ្តើមយកជ័យពីឋានព្រះឥន្ទ។

បន្ទាប់ពីបានជ័យជំនះ មេក្រុមគីង្គក់ដែលមានអតីតភាពជាអ្នកលក់ថ្នាំស្រែងនោះបានចាប់ព្រះឥន្ទជាធ្នាក់ដើម្បីពញ្ញាក់ ទេវតាអោយស្តាប់បញ្ជារ។ បន្ទាប់មកមេគីង្គក់នោះបានតែងតាំងក្រុមកង្កែបដែលជាអ្នកមានគុណជាទីប្រឹក្សា ដោយផ្តល់សារសួយអាករតាមចិត្តកង្កែបចង់។

angel vs frog

ដោយពិចារណា ទៅដល់ពូជពង្សគីង្គក់បានតែងតាំងខ្សែស្រឡាយ ខ្លួនអោយកាន់តំណែងសំខាន់ៗ។ដែលអ្នកទាំងនោះរួមមានតាដែលគ្មានធ្មេញ រហូតដល់កូនង៉ាគីង្គក់ដែលមិនទាន់ជ្រុះពន្លៃពីក្បាល។ល។ រីឯបាវចនារបស់ភូមិ ដែលគីង្គក់កាន់កាប់នោះត្រូវបានគេនាំគ្នាសូត្ររត់មាត់ថា <<ប្រឆាំងអំពើពុករលួយនិងបក្សពួកនិយម>>!!!

 

ដោយ នាគចុះសមុទ្រ

បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ

យុទ្ធសាស្ត្រត្រូវផ្អែកតាមតំបន់ដែលយើងរស់នៅ

នៅដើមយុគសម័យឆ្នាំ២០០ប្លាយ ក្នុងសម័យកាលសាមកុក អ៑ូ ស៑ូ និងអួយ ការដណ្តើមអំណាច មានភាពច្របូកច្របល់ណាស់ ស្តេចត្រាញ់ទាំងបី បានប្រើយុទ្ធ សាស្ត្រខុសគ្នាដើម្បីគ្រប់គ្រងទឹកដី។

ស៊ូ ដណ្តើមទឹកចិត្តរាស្ត្រ ព្រោះគេ យល់ថាបានចិត្តរាស្ត្រដូចបានទឹកដី
អ៊ូ ដណ្តើមទឹកដី ព្រោះគេយល់ថា អ្វីៗនៅលើទឹកនិងដី បើបានទឹកដី គឺបានអ្វីៗទាំងអស់
អ៊ួយ ដណ្តើមអំណាចកងទ័ព ព្រោះ មានតែអំណាចកងទ័ពទេ ទើបបច្ចា មិត្តខ្លបខ្លាច ហើយអាចឈានទៅមុខ សំរុកយកជោកជ័យបាន។

Three_Kingdoms-Romance

ទោះបីយុទ្ធសាស្ត្រខុសគ្នាតែគេនៅតែឈ្នះដូចគ្នា នេះសបញ្ជាក់ថាការប្រើ យុទ្ធសាស្ត្រត្រូវផ្អែកតាមតំបន់ដែលយើងរស់នៅ។

ដោយ៖ នាគចុះសមុទ្រ

បានផ្សាយ​ក្នុង វិចារណកថា | បញ្ចេញមតិ